នាពេលថ្មីៗនេះ មិត្តភក្តិថៃខ្ញុំម្នាក់បានរអ៊ូរមកកាន់ខ្ញុំទាំងអស់សង្ឃឹមនិងធុញទ្រាន់ថា សង្គមថៃសព្វថ្ងៃមានសុទ្ធតែពួកត្រចៀកស្រាល។ ឲ្យតែមានអ្នកនយោបាយណាមួយមកផ្លុំសោតាបន្តិច ពួកនេះតែងឆ្កួតកើតអារម្មណ៍ជាតិនិយមគ្មានហេតុផល គ្មានរបៀបភ្លាម។ គាត់និយាយទៀតថា ម្នាក់ៗចូលចិត្តអួតអាងណាស់ថា ខ្លួនឯងស្រឡាញ់ជាតិ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីជាតិ។ តែបើចាប់ពួកទាំងនោះមកចោទសួរឲ្យមែនទែន តើមានប៉ុន្មាននាក់ដែលស្មោះស្ម័គ្រហ៊ានពលីខ្លួនជូនជាតិពិតប្រាកដនោះ? ពិតជាគួរឲ្យហួសចិត្តមែន!
គាត់បានបរិយាយបន្ថែមទៀតថា តួយ៉ាងដូចជារឿងវិវាទប្រាសាទព្រះវិហារជាដើម ដែលរូបគាត់ផ្ទាល់សូមទទួលស្គាល់ថាជារបស់ខ្មែរ ហើយដែលត្រូវបានបញ្ចប់ដោយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិតាំងតែពី៤៥ ឆ្នាំមុន ពេលនេះកំពុងតែក្លាយជាប្រធានបទក្តៅគគុកក្នុងអារម្មណ៍ជនជាតិថៃមួយចំនួនសាជាថ្មី ដោយសារតែថ្វីដៃអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលមួយក្រុម។ គាត់ថា រឿងដែលមិនគួរឲ្យក្តៅក្រហាយបែបនេះ បែរជាត្រូវបានកកូរកកាយធ្វើឲ្យក្តៅក្រហាយ រីឯរឿងដែលគួរឲ្យកង្វល់ដូចជាបញ្ហាភាគខាងត្បូង និង បញ្ហាសេដ្ឋកិច្ចនានា បែរជាគ្មាននរណាចាប់អារម្មណ៍ដោះស្រាយទៅវិញ។ តើនេះហើយឬ ដែលជាក្តីស្នេហាជាតិរបស់ជនជាតិថៃសម័យថ្មី? តើពាក្យ “ស្នេហាជាតិ” ត្រូវតែមានន័យថា ជនជាតិថៃត្រូវកកូរកកាយរឿងអតីតកាលដែលត្រូវបានបញ្ចប់ឲ្យក្លាយជាបញ្ហាសាជាថ្មីមែនឬ? ហេតុអ្វីបានជាមនុស្សលោកយើងមិនព្រមសាកល្បងបំភ្លេចរឿងអតីតកាលដ៏ជូរចត់ ហើយមើលឆ្ពោះទៅកាន់ពិភពលោកមួយថ្មីដែលមានតែសន្តិភាព និង ភាពយល់អធ្យាស្រ័យគ្នាម្តងវិញទៅ? តើយើងនឹងបានផលចំណេញអ្វីអំពីការឈ្លោះទាស់ទែងរវាងគ្នាឯង និង ប្រទេសជិតខាងនោះ?
សម្តីរបស់គាត់ខាងលើនេះ បានធ្វើឲ្យខ្ញុំនឹកឃើញដល់ជនជាតិខ្មែរយើងមួយក្តាប់តូចដែលមានឥរិយាបទស្ទើរតែដូចគ្នាបេះបិទនឹងក្រុមខាងលើនេះ។ ពួកគេ តែងជឿពាក្យអុចអាលរបស់មនុស្សមួយចំនួន ហើយប្រើនូវអារម្មណ៍ជាតិនិយមហួសប្រមាណ។ ពួកគេតែងយកហឹង្សាមកដោះស្រាយកំហឹងក្តៅរោលនេះ ដោយមិនបានគិតអំពីហេតុផល និង ផលប៉ះពាល់នៃអំពើរបស់ខ្លួនមកលើខ្លួនឯង អ្នកនៅជុំវិញខ្លួន និង ប្រទេសជាតិជាមុន។ នៅទីបញ្ចប់ លទ្ធផលនៃអំពើរបស់ពួកគេ ដូចជាកាលពីបាតុកម្មប្រឆាំងថៃនាឆ្នាំ២០០៣ ជាភស្តុតាងស្រាប់ មិនបាននាំនូវផលចំណេញអ្វី ក្រៅតែពីបញ្ហារវាងជាតិ និង ជាតិ និង ការខូចខាតជាជីវិតមនុស្ស ហិរញ្ញវត្ថុ និង សម្ភារៈនោះឡើយ។
ទោះបីជាយើង ទាំងខ្មែរនិងថៃ មានបញ្ហាវិវាទរឿងប្រាសាទព្រះវិហារខ្លាំងដល់កម្រិតណាក៏ដោយ ក៏ខ្ញុំនៅមានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលទាំងពីរនឹងបន្តដោះស្រាយបញ្ហានេះដោយសន្តិវិធីដូចដែលបានធ្វើកន្លងមក ក្នុងឋានៈជាអ្នកជិតខាងដ៏ល្អ និង ស្មើភាព សមជាប្រទេសដែលមានភូមិផងរបងជាមួយដែលមានវប្បធម៌ អរិយធម៌ ប្រពៃណី ជំនឿសាសនា និង ភាសាស្ទើរតែដូចទាំងស្រុង រហូតបានឈានដល់ការសម្រេចជាធរមានមួយ។
សូមសន្តិភាពបន្តមាននៅលើលោកជារៀងរហូតទៅ!
រូបភាពដោយ Pixellent











